នៅចុងឆ្នាំ២០២៣ ខ្ញុំបានរំពឹងគិតពីដំណើរជីវិត និងការងារដែលខ្ញុំបាននឹងកំពុងតែធ្វើជារៀងរាល់ថ្ងៃ (ជារៀងរាល់ថ្ងៃ ខែ ឆ្នាំ ខួរក្បាល អារម្មណ៍ក៏នឹងប្រែប្រួល ចំណង់ចំណូលចិត្តក៏នឹងមិនអាចនៅមួយកន្លែង)។
ក្រោយបញ្ចប់ថ្នាក់បរិញ្ញាប័ត្រនៅដើមឆ្នាំ ២០១៩ ខ្ញុំមិនដែលគិតចង់ត្រឡប់ទៅកាន់ការអរប់រំក្នុងប្រព័ន្ធសារជាថ្មីទៀតឡើយ លុះត្រាតែវាជាលក្ខខណ្ឌពិសេសណាមួយ។ ប៉ុន្តែថ្ងៃមួយនាដើមខែវិច្ឆិកា ឆ្នាំ២០២៣ ខ្ញុំបានសម្រេចចិត្តដាក់ពាក្យអាហារូបករណ៍មួយកន្លែងទៅកាន់ប្រទេសកូរ៉េខាងត្បូង។
ព័ត៌មានអាហារូបករណ៍ត្រូវបានចែករំលែកដោយមិត្តភក្តិខ្ញុំម្នាក់នៅក្នងគណនីហ្វេសប៊ុករបស់គាត់។ ខ្ញុំបានអានពីការពិពណ៌នានូវលក្ខខណ្ឌ ក៏ដូចជាអ្វីដែលខ្ញុំនឹងទទួលបានពីអាហារូបករណ៍មួយនោះ។ ក្រោយពីអានបានមួយសំទុះ ដោយមិនបង្អង់យូរខ្ញុំក៏បានប្រមូលរាល់ឯកសារផ្ទាល់ខ្លួនដែលមាននៅក្នុងសឺមីក្នុងកុំព្យូទ័ររបស់ខ្ញុំ ហើយផ្ញើរាល់ឯកសារទាំងនោះទៅកាន់លោកសាស្ត្រាចារ្យ។
លម្អិតពីអាហារូបករណ៍បន្តិច វាគឺជាអាហារូបករណ៍ដែលឧបត្ថម្ភ និងរាប់រងដោយលោកសាស្ត្រាចារ្យនៅក្នុងសាកលវិទ្យាល័យដែលខ្ញុំនឹងដាក់ស្នើទៅ។ លក្ខខណ្ឌនៃអាហារូបករណ៍គឺតម្រូវឲ្យខ្ញុំធ្វើការជាអ្នកស្រាវជ្រាវនៅក្នុងបន្ទប់ពិសោធន៍ ជាថ្នូរនឹងកម្រៃដែលខ្ញុំនឹងត្រូវប្រើប្រាស់សម្រាប់ការបង់ថ្លៃសាលា ការស្នាក់នៅ ហូបចុក និងចំណាយផ្សេងៗប្រចាំខែ។ ទឹកប្រាក់ដែលខ្ញុំនឹងទទួលបានពីអាហារូបករណ៍នោះគឺមានតម្លៃ 1លាន វ៉ុន (បើគិតជាដុល្លារ ខ្ទង់ប្រហែល 750ដុល្លារអាមេរិក Based on google)។ វាមិនច្រើន ហើយក៏មិនតិចពេកដែរ វាគ្រប់គ្រាន់សម្រាប់មួយរស់ (survival)។ ដំបូងៗ ខ្ញុំមិនមានបញ្ហានៅក្នុងការសម្រេចចិត្ត និងមិនរាថយបកក្រោយឡើយ (បន្ទាប់ពីអ៉ីម៉ែលត្រូវបានផ្ញើ)។ ខ្ទង់ប្រហែល២ម៉ោងក្រោយ ខ្ញុំក៏ទទួលបានអ៉ីម៉ែលឆ្លើយតបពីមនុស្សម្នាក់ ដែលបានប្រកាសថាខ្ញុំត្រូវបានជ្រើសរើសជាបេក្ខជនអាហារូបករណ៍។ អារម្មណ៍ពេលនោះ សប្បាយចិត្តបន្តិច មិននឹកស្មានបន្តិច និងរំភើបផងដែរ។ ចាប់ពីពេលនោះមក ខ្ញុំនឹងជំនួយការលោកសាស្ត្រាចារ្យ (បុរសម្នាក់ដែលឆ្លើយតបអ៉ីម៉ែលរបស់ខ្ញុំ) បានឆ្លើយឆ្លងគ្នាជាបន្តបន្ទាប់ ដើម្បីធ្វើការដំណើរការឯកសារ ក៏ដូចជាការចុះឈ្មោះជាមួយសាលា ដែលនឹងឈានដល់ការស្នើរសុំទិដ្ឋាការនាពេលក្រោយ។ អាហារូបករណ៍ដែលខ្ញុំបាននឹងកំពុងតែដាក់ស្នើនៅពេលនោះ គឺជាថ្នាក់អនុបណ្ឌិតផ្នែកបញ្ញាសិប្បនិម្មិត ដែលផ្តោតទៅលើ Internet of things ដែលគេហៅថា AIoT (ការបញ្ចូលគ្នាបញ្ញាសិប្បនិម្មិតជាមួយនឹងគ្រឿងអេឡិចត្រូនិចផ្សេងៗដូចជា មនុស្សយន្ត ម៉ាស៊ីន និងឧបករណ៍បំពាកផ្សេងៗ ដែលធ្វើឲ្យវាកាន់តែឆ្លាត អាចវិភាគវែកញែកដោយខ្លួនឯង...)។
ខ្ញុំបានធ្វើការស្រាវជ្រាវពីលេខរៀងរបស់សាលា កេរ្តិ៍ឈ្មោះ និងស្នាដៃ។ ខ្ញុំឃើញថា សាកលវិទ្យាល័យមួយនេះស្ថិតក្នុងលំដាប់ល្អបង្គួរ និងទទួលយកបាននៅក្នុងស្រុកកូរ៉េ (វាជាសាកលវិទ្យាល័យជាតិ) ហើយខ្ញុំក៏បានឃើញថាមិត្តភក្តិខ្ញុំពីរនាក់ទៀតក៏កំពុងតែសិក្សាថ្នាក់បណ្ឌិតនៅទីនោះផងដែរ។ ខ្ញុំក៏មានអារម្មណ៍ថាកក់ក្តៅ និងបានទាក់ទងទៅកាន់ពួកគេដើម្បីសាកសួរពីបទពិសោធន៍ជីវិត ការសិក្សា និងការរស់នៅជាដើម។ ខ្ញុំទទួលបានអារម្មណ៍វិជ្ជមានច្រើន បន្ទាប់ពីបានសន្ទនាជាមួយមិត្តរបស់ខ្ញុំមួយរយៈ។ ប៉ុន្តែមានរឿងមួយបានធ្វើឲ្យខ្ញុំហាក់មិនពេញចិត្ត (not satified) ជាមួយនឹងស្ថានភាពខ្លួនឯង គឺហិរញ្ញវត្ថុ។ បន្ទាប់ពីទទួលបានព័ត៌មានបន្ថែមពីមិត្តភក្តិរបស់ខ្ញុំ និងលោកសាស្ត្រាចារ្យ ខ្ញុំបានឃើញថា ខ្ញុំត្រូវត្រៀមថវិការបម្រុងសម្រាប់ការចំណាយទៅលើថ្លៃសាលា ការរស់នៅ សំបុត្រយន្តហោះជាដើម មុនពេលដែលខ្ញុំទទួលបានការឧបត្ថម្ភប្រចាំខែពីលោកសាស្ត្រាចារ្យ (វាប្រៀបបាននឹកប្រាក់ខែដែរ គឺខ្ញុំនឹងទទួលបាននៅចុងខែ)។ នៅពេលដែលគិតដល់ចំណុចនេះ ខ្ញុំក៏បានព្យាយាមថ្លឹងថ្លែង ស្វែងរកចំណុចវិជ្ជមាន និងអវិជ្ជមានក្នុងការសម្រេចចិត្តមួយនេះម្តងទៀត។ ខ្ញុំបានស្រាវជ្រាវ អានអត្ថបទផ្សេងៗនៅលើអ៉ីនធើណែត សាកសួរមិត្តភក្តិ, សួទៅកាន់បញ្ញាសិប្បនិម្មិត និងព្យាយាមសំយោគរកចំណុចរួមមួយ។ ខ្ញុំនៅតែពិបាកបែងចែកឲ្យដាច់ បើទោះបីជាពេលនោះដំណើរការនៃការចុះឈ្មោះបាននឹងកំពុងរួចរាល់ទៅហើយក៏ដោយ។ ខ្ញុំព្យាយាមប្រាប់ខ្លួនឯងថា "មិនអីទេ វាជាឧ៌កាស ត្រូវហ៊ានចាប់យកវា ជីវិតគឺជាការសាកល្បង" ដើម្បីលួងចិត្តខ្លួនឯងមិនឲ្យរារែកនូវអ្វីដែលខ្លួនកំពុងតែធ្វើ។
ប៉ុន្តែនៅថ្ងៃមួយមកដល់ នៅពេលដែលខ្ញុំបានទទួលតារាងតម្លៃនៃការស្នាក់នៅ និងហូបចុក ខ្ញុំក៏រារែកយកតែមែនទែនតែម្តង។ នៅពេលនេះ ឈ្មោះរបស់ខ្ញុំក៏បានរាយនៅក្នុងបញ្ជីប្រកាសដោយសាលាថាខ្ញុំបានចុះឈ្មោះដោយជោគជ័យរួចអស់ទៅហើយ។ ខ្ញុំស្រាប់តែស្រ្តេសមួយរំពេច ចង់បោះបង់ផង និងគិតពីកំហុសខ្លួនឯងផង ថាហេតុអ្វីបានជាចាប់ផ្តើមទាំងងងើលមិនស្រាវជ្រាវ និងសម្រេចចិត្តឲ្យច្បាស់ពីដើមទី ហើយបែរជាមកចង់បោះបង់នៅពេលនេះ។ ត្រឡប់ទៅកាន់ដំណាក់កាលដែលខ្ញុំបាននឹងកំពុងដាក់ពាក្យបន្តិច ការដាក់ពាក្យនោះទៀតសោត ក៏តម្រូវឲ្យរត់ឯកសារអស់លុយមិនតិចដែរ។ រាប់ចាប់ពីការបកប្រែឯកសារ (បកខុសស្ថាប័ន ហើយត្រូវបកម្តងទៀតនៅក្រសួងការបរទេស) ទៅបញ្ជាក់ឯកសារនៅសាលាខណ្ឌ ស្ថានទូត និងត្រូវផ្ញើឯកសារទាំងនោះ ទៅកាន់សាលាដោយផ្ទាល់តាមរយៈក្រុមហ៊ុនឯកជន។ រាល់ដំណាក់កាលសុទ្ធតែត្រូវការលុយ។ តែពេលនោះ ខ្ញុំបានគិតថាខ្ញុំមិនស្តាយនោះទេ ប្រសិនបើការស្នើសុំទៅកាន់លោកសាស្ត្រាចារ្យ ដើម្បីបោះបង់អាហារូបករណ៍ទទួលបានលទ្ធផលវិជ្ជមាន។ ពេលោនៅះ ខ្ញុំក៏បាននឹកឃើញមិត្តភក្តិខ្ញុំម្នាក់ដែលគាត់ធ្លាប់បានជួបស្ថានភាពស្រដៀងគ្នានឹងខ្ញុំដែរ។ ខ្ញុំក៏បានសរសេរសារសាកសួរទៅកាន់គាត់ ហើយក៏បានឃើញថា គាត់បានបោះបង់អាហារូបករណ៍របស់គាត់នៅដំណាក់កាលដូចជាខ្ញុំដែរ។ ខ្ញុំក៏មានអារម្មណ៍ធូរស្បើយខ្លះ (ជាក់ស្តែងខ្ញុំក៏ដឹងដែរថាទង្វើរបស់ខ្ញុំនឹងមិនល្អធ្វើជាគម្រូ ឬកេរ្តិ៍ឈ្មោះទៅកាន់សិស្សប្អូនក្រោយៗ) ហើយអ្វីដែលខ្ញុំត្រូវធ្វើនៅពេលនេះគឺផ្ញើអ៉ីម៉ែលទៅកាន់ជំនួយការលោកសាស្ត្រាចារ្យជាមុនសិន។ ពីរថ្ងៃក្រោយមក ខ្ញុំក៏បានផ្ញើសារទៅកាន់ជំនួយការរបស់គាត់ ក្រោយពីបានពិភាក្សា វែកញែកជាមួយមិត្តភក្តិ និងអ្នកផ្សេងៗជុំវិញខ្លួន។ គាត់ក៏បានតបសាររបស់ខ្ញុំ ដោយនិយាយថាគាត់មិនមានសិទ្ធិអារកាត់អ្វីឡើយ ក្រៅអំពីការជួយខ្ញុំទៅលើដំណើរការនៃការដាក់ពាក្យ ការសម្រេចចិត្តមានតែលោកសាស្រ្តាចារ្យម្នាក់គត់ ទើបមានសិទ្ធិ។ ខ្ញុំទទួលបាន ហើយក៏បន្តសរសេរអ៉ីម៉ែលរបស់ខ្ញុំទៅកាន់លោកសាស្ត្រាចារ្យ។ គាត់តបវិញលឿនៗ និងបាននិយាយថា គាត់បានយល់អំពីស្ថានភាពរបស់ខ្ញុំ។ នៅពេលនោះ គ្រប់យ៉ាង(ដំណើរការនៃអាហារូបករណ៍របស់ខ្ញុំ)ក៏ត្រូវបានបញ្ចប់ និងបិទនៅត្រឹមការតបសាររបស់លោកសាស្ត្រាចារ្យ។
ខ្ញុំបានពិចារណាកំហុសឡើងវិញ និងចំណុចខ្វះខាតរបស់ខ្ញុំដែលបានកើតឡើងក្នុងកំឡុងពេលដាក់ពាក្យនេះ។ វាមានច្រើនដូចជា ដាក់ពាក្យលឿនពេក ដោយមិនបានស្រាវជ្រាវទៅលើការទទួលបានពីអាហារូបករណ៍ មិនបានសាកសួរអំពីព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ មិនបានកំណត់ឲ្យច្បាស់ថាខ្លួនឯងពិតជាចង់បានវាឲ្យពិតប្រាកដ ឬយ៉ាងណា។ ពេលនោះវាមានរឿងច្រើនបានផុសចេញមកពីក្នុងខួរក្បាលរបស់ខ្ញុំ មានដូចជា ការត្រឡប់ទៅកាន់ប្រព័ន្ធអប់រំសារជាថ្មី ធៀបនឹងអាយុរបស់ខ្ញុំ(តើខ្ញុំអាចមានថាមពលដូចជាក្មេងឈាមរាវ ស្វាហាប់ដូចពីមុនដែរទេ? តើពិតទេដែលខ្ញុំជាអ្នកចូលចិត្តប្រមាញ់ការសិក្សាស្រាវជ្រាវក្នុងប្រព័ន្ធ ជាជាងជីវភាពសព្វថ្ងៃ?) ចំណូលចំណាយដែលខ្ញុំធ្លាប់មាន ធ្លាប់ប្រើប្រាស់ផ្គត់ផ្គង់មនុស្សជុំវិញខ្លួន(បាត់បង់ប្រាក់ខែ និងរស់នៅតាមរបៀបនិស្សិតដូចពេលមុន - តើអាចធ្វើបានទេ?) នៅពេលដែលមានបញ្ហាកើតឡើងណាមួយ តើខ្ញុំមានសោហ៊ុយត្រៀមបម្រុងដែរឬទេ? និងរឿងមួយចំនួនទៀត ដូចជាអាជីពបន្ទាប់ពីបញ្ចប់ការសិក្សា (តើខ្ញុំនឹងមានការងារប្រភេទនេះទេ នៅស្រុកខ្មែរបន្ទាប់ពីបញ្ចប់ការសិក្សា ឬមួយខ្ញុំត្រូវបង្រៀនតាមសាលកវិទ្យាល័យ?) ជាដើម។
រាល់ការពិចារណា និងសំណួរដែលបានផុសឡើងទាំងនេះ មិនមែនបានន័យថាអាហារូបករណ៍ និងហុចផលអវិជ្ជមានមកកាន់ជីវិតរបស់ខ្ញុំនោះទេ ប៉ុន្តែវាអាស្រ័យទៅលើស្ថានភាព ជីវភាពជាក់ស្តែងដែលខ្ញុំកំពុងតែជួប។ វាមិនល្អពេក ក៏មិនអាក្រក់ពេក តែចុងក្រោយការសម្រេចចិត្ត ការប្រឈមនៅតែជាខ្ញុំ។ ដើរដល់ចំណុចនេះនៃជីវិត ខ្ញុំឃើញថាខ្ញុំបានប្រព្រឹត្តកំហុស ប៉ុន្តែក៏បានដឹងនូវរឿងរ៉ាវជាច្រើនផងដែរនៅពេលដែខ្ញុំប្រឡូកវាដោយខ្លួនឯង ជាហេតុធ្វើឲ្យខ្ញុំសម្រេចចិត្តសរសេរនូវអត្ថបទមួយនេះឡើង ព្រោះខ្ញុំចូលចិត្តអាន និងស្វែងអត្ថបទនៃបទពិសោធន៍ជាក់ស្តែងរបស់បុគ្គលណាមួយនៅលើអ៉ីនធើណែត ហើយខ្ញុំក៏សង្ឃឹមថាអ្នកដែលកំពុងអាន អាចរកប្រយោជន៍ពីវាបានខ្លះផងដែរ។
បទពិសោធន៍ និងអត្ថបទរបស់ខ្ញុំមិនមែនជាគម្រូ ឬជាឯកសារយោងសម្រាប់ឲ្យអ្នកដទៃធ្វើការសម្រេចចិត្តតាមនោះឡើយ។ ប៉ុន្តែខ្ញុំសង្ឃឹមថាវាជាព័ត៌មានសម្រាប់លោកអ្នក។ ជូនពរមិត្តអ្នកអានសុខភាពល្អ និងសំណាងល្អ។