រលាកខ្នែងពោះវៀន

រលាកខ្នែងពោះវៀន

·

1 min read

ជាលើកទីមួយហើយដែលខ្ញុំត្រូវធ្វើការវះកាត់ និង​ត្រូវ​បាន​គេ​ដាក់​ថ្នាំ​សណ្តំ​ដើម្បី​ឲ្យ​ងងុយ​គេង។ នៅមុនពេលធ្វើការវះកាត់ ខ្ញុំត្រូវគេងព្យួរសេរ៉ូម ហាម​មិន​ឲ្យ​ហូប​អី​ទាំង​អស់ សូម្បីតែទឹកធម្មតា។ ខ្ញុំចូលពេទ្យប្រហែលម៉ោង៨ព្រឹក បន្ទាប់​ពីព្យួរ​សេរ៉ូម​ហើយ ខ្ញុំ​ក៏ត្រូវរង់ចាំពេទ្យ រហូតដល់ម៉ោងជិត ១សៀល។

កំឡុងពេលនោះ ខ្ញុំនៅក្នុងបន្ទប់សម្រាកជាមួយមីង និងប្អូនប្រុសរបស់ខ្ញុំ ដោយ​រង់​ចាំ​ពេទ្យ​មកយកទៅវះកាត់។ លុះម៉ោងជិតមួយ១សៀល ក៏​មាន​អ្នក​គ្រូ​ពេទ្យ​ម្នាក់​មក​ហៅ​ខ្ញុំ ដោយគាត់និយាយថា ដល់ម៉ោងវះកាត់ហើយប្អូន។ គាត់​បាន​ឲ្យ​ខ្ញុំ​បន្ទោរ​បង់​ចោល​ឲ្យអស់មុនពេលដើរទៅកាន់បន្ទប់វះកាត់។ ខ្ញុំក៏បានបត់ជើងតូចបន្តិច រួច​ក៏បានដើរទៅជាមួយគាត់។

ពេលចូលដល់បន្ទប់វះកាត់ មានក្រុមគ្រូពេទ្យផ្សេងៗទៀតប្រហែល៤ ៥ នាក់ កំពុងរង់ចាំខ្ញុំ។ ពេលនោះមានលោកគ្រូពេទ្យម្នាក់ (ប្រហែលជាអ្នកវះ) បាន​ឲ្យ​ខ្ញុំ​ឡើង​គេងលើគ្រែ និងសណ្តូកដាក់ដៃឲ្យត្រង់។ គាត់បានសួរខ្ញុំថា មាន​ធ្លាប់​វះ​កាត់​ពីមុនមកឬទេ មានជម្ងឺប្រចាំកាយណាមួយដែរអត់... ខ្ញុំក៏ឆ្លើយថា មិនធ្លាប់ និង​មិនមានជម្ងឺប្រចាំកាយអ្វីទេ។

បន្ទាប់មកក៏មានគ្រូពេទ្យរាងក្មេងម្នាក់បានចាក់ថ្នាំសណ្តំចូលក្នុងខ្សែសេរ៉ូមដែលនៅជាប់ដៃរបស់ខ្ញុំ។ ថ្នាំនោះរាងចុកបន្តិច ហើយ​លោក​គ្រូ​ពេទ្យ​ក៏​បញ្ជាក់​ផង​ដែរ​ថា គឺ​វាចុកបែបនេះឯង។ ខ្ញុំក៏ទ្រាំ ហើយឲ្យថ្នាំចូលក្នុងខ្លួនរបស់ខ្ញុំតាមសម្រួល។ ប្រហែលមួយនាទីក្រោយមក ខ្ញុំក៏មានអារម្មណ៍ដូចជាព្រិលៗ និងពិបាកដង្ហើម។ ខ្ញុំដូចជាចាំបានថា ខ្ញុំបានក្អក២ ៣ឃូស ហើយក៏បាត់ស្មារតីតែម្តង។

ក្រោយមកខ្ញុំក៏បានដឹងខ្លួនឡើងវិញ ដូច​ជា​មាន​អ្វី​ម្យ៉ាង​ដក​ហូត​ចេញ​ពី​ពោះ​របស់​ខ្ញុំ​ក៏​មិន​ដឹង ឬបំពង់កខ្ញុំក៏មិនដឹង។ ប៉ុន្តែ​វា​គឺ​ជា​ការ​ដក​ហូត​អ្វី​ម្យ៉ាង​ចេញ​ពី​ក្នុង​ខ្លួន​ខ្ញុំ​។ ខ្ញុំ​មានអារម្មណ៍ថាធូរ និងបានបើកភ្នែកស្រឹមៗ មើលទៅលើ ឃើញ​ក្រុម​គ្រូពេទ្យ​កំពុង​ញាប់ដៃ ញាប់ជើងជួយខ្ញុំ។ ពេល​នោះ​ខ្ញុំ​ក៏​បាន​និយាយ​អរគុណ​ទៅ​កាន់​ពេទ្យជាភាសាអង់គ្លេស (ដូចជាពិបាកក្នុងការនិយាយភាសាខ្មែរ)។ រាង​អស់​សំណើច​ខ្លួនឯងបន្តិចដែរ​ពេលដែលគិតដល់ចំណុចនេះ។ ក្រុម​គ្រូពេទ្យ​ក៏អូស​ខ្ញុំ​ដល់​បន្ទប់សម្រាក និង​លើក​ខ្ញុំដាក់លើគ្រែ។ ខ្ញុំ​នៅ​តែ​មិន​អាច​កម្រើក​បាន​អ្វី​ទាំង​អស់ ភ្នែក​​បើក​​បាន​​ស្រឹមៗ​សំឡឹងមើលទៅមីងរបស់ខ្ញុំ។ ខ្ញុំបានលឺគាត់និយាយ​ពីនេះពីនោះ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ចាំទេថាគាត់បាននិយាយពីអ្វី។