សិល្បៈ (សម្រាប់ខ្ញុំ)

សិល្បៈ (សម្រាប់ខ្ញុំ)

·

1 min read

តាមធម្មតា ខ្ញុំស្គាល់សិល្បៈ (ស្គាល់ទីនេះគឺមានន័យថា ទទួលយកបានអត្ថន័យ អត្ថរស និងខ្លឹមសារ) តែទៅលើបទចម្រៀង និងភ្លេងតែប៉ុណ្ណោះ (ក៏មិនគិតថាខ្លួនឯងទទួលយកបានវាទាំងអស់នោះទេ)។ ខ្ញុំក៏ទទួលបានខ្លះៗផងដែរពីភាពយន្ត ដូចជាក្នុងគំនូរជីវចល និងរឿងដែលសម្តែងដោយមនុស្សមែនទែន។ អារម្មណ៍ដក់ជាប់ ក្រៀមក្រំ រីករាយ សប្បាយ ឬរហូតពេលខ្លះស្រក់ទឹកភ្នែកក៏មាន គឺខ្ញុំអាចទទួលវាតាមរយៈភាពយន្ត និងចម្រៀងនេះឯង។

ចាស់ៗបុរាណដូចជាជីដូនជីតារបស់ខ្ញុំបាននិទានអំពីល្ខោន (មិនដឹងថាជាល្ខោនអ្វីទេ ខោល ស្បែកធំ...ខ្ញុំមិនដឹង គ្រាន់តែដឹងថាជាល្ខោន) ថាវាជាសិលល្បៈមួយដែលគាត់តែងចូលចិត្តទៅមើលកម្សាន្តនៅពេលដែលមានកម្មវិធីណាមួយនៅក្នុងភូមិ កាលពីជំនាន់របស់ពួកគាត់នៅក្មេងៗ។ រំលឹកទៅដល់ពេលនោះពួកគាត់ហាក់រំភើប ហើយនៅតែចង់មើលវាម្តងទៀត ដ្បិតបច្ចុប្បន្នពុំសូវជាមានការសម្តែងក្នុងតំបន់ ហើយម្យ៉ាងទៀតប្រព័ន្ធផ្សព្វផ្សាយដូចជាទូរទស្សន៍ និងទូរស័ព្ទបានធ្វើទំនើបកម្មហួសបាត់ទៅហើយ។

ខ្ញុំ! ដែលជាក្មេងជំនាន់ក្រោយ និយាយដោយស្មោះចេញពីចិត្ត ខ្ញុំមិនដឹងថាតើខ្ញុំអាចរកចំណង់ចំណូលចិត្តពីល្ខោន ឬការសម្តែងផ្ទាល់បានយ៉ាងណានោះទេ (បើទៅមើល ក៏គិតថានឹងទៅមើលបែបសម្តែងៗប៉ុណ្ណោះ មិនចេញពីចិត្តពិតប្រាកដ) ក៏ដោយសារតែមិនយល់ និងមិនអាចសោយសុខអារម្មណ៍នៅពេលដែលកំពុងមើល។

ទោះបីជាខ្ញុំមិនអាចស្វែងរកថាខ្ញុំនឹងចូលចិត្តវាតាមផ្លូវណាក៏ដោយ ក៏ខ្ញុំមិនបោះបង់ និងចង់ដឹងថាតើអត្ថន័យនៃសិល្បៈរបស់ខ្មែរមានបង្កប់អត្ថន័យ និងខ្លឹមសារយ៉ាងដូម្តេច? ព្រោះវាជាអ្វីដែលបុព្វបុរសរបស់ខ្ញុំបានរកឃើញ និងបន្សល់ទុកឲ្យខ្ញុំ។

ថ្ងៃមួយខ្ញុំបានទៅលេងខេត្តសៀមរាប ទឹកដីអង្គរ។ នៅទីនោះខ្ញុំ និងមិត្តភក្តិបានទៅមើលការសម្តែងនៅហ្វារពន្លឺសិល្បៈ ដែលមានការសម្តែង​ពី​ក្រុមសិល្បៈករខ្មែរ។ ការសម្តែងនៅថ្ងៃនោះមានចំណងជើងថា "Same same but difference" ដែលមានន័យជាភាសាខ្មែរថា "ដូចគ្នាតែខុសគ្នា" (គេចង់និយាយពីជីវភាព ការរស់នៅប្រចាំថ្ងៃ ដេក ដើរ​ ឈរ​ អង្គុយ ហូបចុកដូចគ្នា តែនៅពេលដែលជាតិសាសន៍ខុសគ្នា សកម្មភាពទាំងនេះក៏នឹងខុសគ្នា)។ ខ្ញុំទទួលបានអារម្មណ៍ដូចជាអង្គុយក្នុងតង់មួយធំរាងជារង្វង់ (ជាទូទៅវាជាកន្លែងលេងសៀកបែបបរទេស ឬពេលខ្លះគេហៅប៉ាហ៊ី) ហើយឆាកសម្តែងគឺនៅចំណុចកណ្តាល រាបស្មើដី និងមានទស្សនិជនអង្គុយជារង្វង់ ពីថ្នាក់ក្រោមដល់លើ កៀកទៅហ្នឹងដំបូលតង់ (វាខុសពីឆាកទូទៅ ដែលខ្ពស់ផុតពីដី រាងជាចតុកោណកែង និងមានទស្សនិកជនទស្សនាពីខាងក្រោមទៅវិញ)។

អង្គុយបក់ផ្លិតមួយសន្ទុះ ការសម្តែងបានចាប់ផ្តើមឡើង។ ការចាប់អារម្មណ៍ដំបូងរបស់ខ្ញុំនៅពេលនោះ គឺខ្ញុំបានព្យាយាម​ងាករកមើលកន្លែងគេលេងភ្លេង វាយស្គរ ព្រោះស្តាប់ទៅវាជាភ្លេងដែលគេលេងមកពិតប្រាកដ ហើយបានកន្ត្រាក់អារម្មណ៍ខ្ញុំចូលមួយរំពេច។ ប្រាកដណាស់ វាគឺជាការលេងភ្លេងចេញពីមនុស្សពិត ដោយមានមនុស្សប្រុស២នាក់ មនុស្សស្រីម្នាក់។ គួរឲ្យសរសើរ ព្រោះមានម្នាក់ជាស្រី និងម្នាក់ទៀតមើលទៅវ័យសឹងតែស្មើឪពុកខ្ញុំទៅហើយ គាត់នៅអាចធ្វើវាបានយ៉ាងល្អ។

ក្រឡេកមើលទឹកមុខអ្នកសម្តែងទៀត ពួកគាត់សម្តែងដោយញញឹម (អាស្រ័យលើឈុតដែរ ប៉ុន្តែទឹកមុខរបស់ពួកគាត់បញ្ចេញមកបានល្អ) និងធ្វើឲ្យខ្ញុំមើលហើយកក់ក្តៅ(មិនមានអារម្មណ៍ថាឆ្គង ឬសម្តែងមិនលះអស់ពីចិត្តនោះទេ) និងចង់មើលថាតើមានរឿងអ្វីកើតឡើងបន្តទៅទៀត។ ខ្ញុំស្រាប់តែជក់ចិត្តមួយរំពេចន៍ ដោយមើលផង គិតផង ពីអត្ថន័យនៃការសម្តែងដោយចង់ដឹងថាពួកគាត់ចង់បង្ហាញពីអ្វី។ ពេលខ្លះខ្ញុំត្រូវស្មឹងស្មាត និងព្យាយាមយល់ពីអត្ថន័យបង្កប់ដែលមានក្នុងឈុតឆាកនីមួយៗ ព្រោះការសម្តែងមិនមានការនិយាយ ឬបកស្រាយអ្វីនោះទេ គឺវាបង្ហាញទាំងស្រុងនៅក្នុងឈុត សកម្មភាពលើកដៃលើកជើង ហក់លោតនោះឯង។ ខ្ញុំគិតថាភ្ញៀវបរទេសភាគច្រើនចូលចិត្តការសម្តែង ព្រោះពួកគេតែងតែទះដៃនៅពេលដែលមានឈុតឆាករំភើបៗណាមួយកើតឡើង (ភ្ញៀវបរទេសសឹងតែ៩០%ទៅហើយ និង១០%ទៀតជាខ្មែរ)។ នៅចុងបញ្ចប់នៃការសម្តែង ភ្ញៀវទាំងអស់ទះដៃ ហ៊ោ និងសម្តែងការអបអរសាទរយ៉ាងកក្រឹកកក្រេងទៅកាន់អ្នកសម្តែង។ ខ្ញុំនៅពេលនោះក៏មានអារម្មណ៍ថារំភើបក្រៃលែង ក្តុកក្តួលក្នុងចិត្ត និងទះដៃខ្លាំងៗជូនទៅកាន់ពួកគាត់ (អ្នកសម្តែង)។ វាហាក់ដូចជាខ្ញុំនៅក្នុងពហុកីឡាដ្ឋានបាល់ទាត់មួយយ៉ាងដូច្នោះដែរ យើងទះដៃផង ហ៊ោផងអស់រយៈពេលយ៉ាងយូរគួរសម។ គ្រប់យ៉ាងហាក់ល្អឥតខ្ចោះ និងមិនអាចបំភ្លេចបាន។

ខ្ញុំចាំបានថា មានឈុតមួយដែលធ្វើឲ្យខ្ញុំស្ទើតែស្រក់ទឹកភ្នែក ដែលពេលនោះខ្ញុំមិននឹកស្មានថាការសម្តែងបែបនេះអាចទាញអារម្មណ៍របស់ខ្ញុំបានយ៉ាងដូច្នេះនោះទេ (តាមធម្មតាយើងចូលចិត្តលេងសើច និងមិនចង់ដ្រាម៉ាអីនោះទេ! ព្រឺសម្បុរ)។ ពេលនោះ វាក៏ធ្វើឲ្យខ្ញុំបានយល់ និងទទួលអារម្មណ៍រំភើបដូចកាលពីតាយាយខ្ញុំទៅមើលការសម្តែងល្ខោនកាលពីពួកគាត់នៅក្មេងៗ។ ដ្បិតតែនេះ វាមិនមែនជាការសម្តែងល្ខោនខ្មែរ តែវាមើលទៅរស់រវើក រស់ក្នុងអារម្មណ៍អ្នកទស្សនា ដក់ចូលជ្រៅ (ជ្រៅជាងពេលដែលមើលតាមអេក្រង់ទូរទស្សន៍​ ឬទូរស័ព្ទទៅទៀត) ខ្ញុំក៏បានចាប់អារម្មណ៍ និងចង់ស្វែងយល់ រកមើលបន្ថែមការសម្តែងសិល្បៈបែបខ្មែរ (ល្ខោនខោល ល្ខោនស្បែកតូចធំ និងការសម្តែងផ្សេងៗទៀតដែលជារបស់ខ្មែរ)។

ខ្ញុំសង្កេតឃើញថា មានបរទេសជាច្រើនបានទៅទស្សនាការសម្តែង (មិនឆ្ងល់ថា ហេតុអ្វីបានជាមិនសូវមានខ្មែរនោះទេ ព្រោះបរទេសគេតែងចង់ស្គាល់ស្រុកយើងជារឿងធម្មតា)។ តែពេលខ្លះខ្ញុំគិតថា ប្រសិនបើយើង (ឬអ្នកកំពុងអាន) មិនទាន់បានឃើញជាក់ស្តែង ឬគ្រាន់តែបានស្គាល់ អានតាមរយៈឯកសារ រូបភាព ទូរទស្សន៍ជាដើម គួរតែទៅមើល និងស្វែងយល់ឲ្យបានម្តងក្នុងឆាកជីវិត (វាមិនខាតច្រើនទេ ជឿខ្ញុំទៅ) ហើយព្យាយាមយកចិត្តទុកដាក់ ដាក់ចិត្តបន្តិចទៅលើការសម្តែង នោះយើងនឹងឃើញពីភាពល្អលេចចេញពីខាងក្នុងមក ប្រៀបបាននឹងផ្ការីកចេញពីខាងក្នុងមកបន្តិចម្តងៗបញ្ចេញនូវភាពស្រស់ស្អាតរបស់វា។ នេះហើយ គឺសិល្បៈ គឺសិល្ប៍ដែលបង្កប់នូវអ្វីម្យ៉ាងពិសេសពីខាងក្នុង សិល្ប៍ដែលបង្ហាញទៅកាន់មនុស្សផ្សេងទៀត ឲ្យទទួលបានភាពរីករាយ សោកសៅ រំភើប រំងាប់ និងកម្សាន្តអារម្មណ៍។

image.png